នាថ្ងៃទី០៨ ខែវិច្ឆិកា អនុប្រធានាធិបតីចិន លោក Han Zheng បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងគ្រប់ជាន់ថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ថ្លែងនៅវេទិកា Bloomberg New Economy ក្នុងប្រទេសសិង្ហបុរី អនុប្រធានាធិបតីចិនអះអាងថា តាមរយៈកិច្ចប្រជុំរវាងឥស្សរជនជាន់ខ្ពស់រវាងចិន និងអាមេរិកកន្លងមក បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី សញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២។
“ពួកយើងបានត្រៀមខ្លួន ក្នុងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គ្រប់ស្ថានការណ៍ ទាំងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ការគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកលជាដើម”។ នេះបើតាមសម្ដីរបស់លោក Han បានលើកឡើង។
គួររំលឹកបន្តិចថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់សឹងតែដល់បាត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីមានជម្លោះជុំវិញការធ្វើពាណិជ្ជកម្ម បញ្ហាសិទ្ធមនុស្ស និងសន្តិសុខជាតិជាដើម។
ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ភាគីអាមេរិកបានព្យាយាមផ្សះផ្សារទំនាក់ទំនងមួយនេះឡើងវិញ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោនតែងតែបញ្ជូនឥស្សរជនជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីបង្ហាញពីឆន្ទៈនៃការស្ដារទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២៕