ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្រោយចប់ភារកិច្ចនៅកិច្ចប្រជុំ APEC

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលគ្រោងធ្វើឡើងនៅទីក្រុង San Francisco សហរដ្ឋអាមេរិក ពីថ្ងៃទី១៥ ដល់ទី១៨ ខែវិច្ឆិកា ខណៈក្រោយបញ្ចប់ភារកិច្ចនៅទីនោះ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនឹងបន្តដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Yoon មានបំណង​បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា តាមការអញ្ជើញពី​ព្រះមហាក្សត្រ King Charles។

មេដឹកនាំកូរ៉េខាងត្បូង ក៏នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាផងដែរ ដើម្បីស្វែងរកការគាំទ្របន្ថែម សម្រាប់ការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះពិព័រពិភពលោកឆ្នាំ២០៣០ ដែលមានទីក្រុងបូសាន រ៉ូម និងរីយ៉ាដ ជាបេក្ខភាព។

ជាមួយគ្នានេះ បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា លោក Yoon នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ស្របតាមការអញ្ជើញពីព្រះមហាក្សត្រ King Willem-Alexander ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចដំបូង របស់មេដឹកនាំកូរ៉េខាងត្បូង ដែលទៅបំពេញទស្សនកិច្ចនៅហូឡង់ តាំងពីប្រទេសទាំង២ បង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦១៕