ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលទទួលបានការគាំទ្រពីរបបយោធា លោក Myint Swe បានទម្លាយឲ្យដឹងថា មីយ៉ាន់ម៉ា កំពុងប្រឈមនឹងហានិភ័យ នៃការបែងចែកប្រទេស បើសិនជាកងយោធា មិនអាចគ្រប់គ្រងស្ថានការណ៍ វាយប្រហារពីកងកម្លាំងជនជាតិភាគតិច នៅតាមតំបន់ព្រំដែនជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីមីយ៉ាន់ម៉ាបាននិយាយថា៖ បើសិនជារដ្ឋាភិបាល មិនអាចគ្រប់គ្រងឧប្បត្តិហេតុ ដែលកំពុងកើតឡើងនៅតំបន់ព្រំដែនបាន នោះប្រទេសនឹងត្រូវបែងចែកជាច្រើនផ្នែក។
គួររំលឹកបន្តិចថា ការផ្ទុះអាវុធរវាងកងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច នៅភាគខាងជើងនៃរដ្ឋ Shan ក្បែរព្រំដែនចិន គឺបានបន្តអស់រយៈពេល ២សប្ដាហ៍មកហើយ ខណៈក្រុមអ្នកវិភាគលើកឡើងថា វាជាការបញ្ហាប្រឈមធំបំផុត របស់កងយោធាមីយ៉ាន់ម៉ា តាំងពីដណ្ដើមបានអំណាចក្នុងឆ្នាំ២០២១។
សូមជម្រាបបន្ថែមថា កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិតាអាំង និងកងទ័ពអារ៉ាកាន បានអះអាងថា ពួកគេបានក្ដោបក្ដាប់ទីតាំងយោធារាប់សិបកន្លែង និងបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន ខណៈកងយោធាមីយ៉ាន់ម៉ាក៏ចេញមុខទទួលស្គាល់ការអះអាងនេះផងដែរ៕