តម្រូវការធ្វើដំណើរជុំវិញពិភពបានធ្លាក់ចុះ បន្ទាប់ពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឆេះឡើង

អន្តរជាតិ

ការកក់ជើងហោះហើរអន្តរជាតិជុំវិញពិភពលោក បានធ្លាក់ចុះចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែលអ្នកដំណើរ បានលុបចោលការធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា និងជុំវិញពិភពលោក នេះបើយោងតាមក្រុមហ៊ុនវិភាគការធ្វើដំណើរ ForwardKeys ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានផ្នែកវិភាគការធ្វើដំណើរនៅ ForwardKeys លោក Olivier Ponti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សង្រ្គាមនេះគឺជាមហន្តរាយ ទុក្ខព្រួយ និងជាសោកនាដកម្មដ៏ឈឺចាប់របស់មនុស្ស ដែលយើងរាល់គ្នាជុំវិញពិភពលោក កំពុងឃើញរៀងរាល់ថ្ងៃនៅលើអេក្រង់ទូរទស្សន៍។ កត្តានេះហើយជាហេតុ ដែលធ្វើអោយមនុស្សមួយចំនួន ឈប់ធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ា ហើយក៏បានបណ្តាលឲ្យអ្នកដំណើរបាត់បង់ទំនុកចិត្ត ក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗទៀតផងដែរ។

បើយោងទៅតាមទិន្នន័យសំបុត្រហោះហើរពី ForwardKeys ដដែលបានឱ្យដឹងថា ក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ការកក់ជើងហោះហើរអន្តរជាតិ ពីទ្វីបអាមេរិកបានធ្លាក់ចុះចំនួន ១០% បើធៀបនឹងចំនួនសំបុត្រដែលបានលក់ចេញ រយៈពេលបីសប្តាហ៍មុនការវាយប្រហារ។

មិនត្រឹមតែប៉ុណ្ណោះ រយៈពេលបីសប្តាហ៍ដូចគ្នាបន្ទាប់ពីការវាយប្រហារ ប្រជាជននៅតំបន់មជ្ឈិមបូព៌ា បានធ្វើដំណើរតិចជាងមុន ដោយបានធ្លាក់ចុះ ៩% ចំណែកការកក់ជើងហោះហើរអន្តរជាតិ ដើម្បីធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ាវិញ ក៏បានធ្លាក់ចុះ ២៦% ផងដែរ។

ជម្រាបផងដែរថា តម្រូវការធ្វើដំណើរជាសកល បានធ្លាក់ចុះចាប់តាំងពីក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas បានសម្លាប់មនុស្សប្រហែល ១ ៤០០នាក់ នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ខណៈអ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារ លើតំបន់ហ្គាហ្សា ដោយបានសម្លាប់ប្រជាជនស្លូតត្រង់ រហូតដល់ទៅជាង ១០ ០០០នាក់ឯណោះ៕