តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា លោក Johnny Gerard Plate ឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ ជុំវិញករណីអំពីពុករលួយទាក់ទងទៅនឹងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធអ៊ីនធើណិត នៅតំបន់ដាច់ស្រយាល។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា តុលាការរបស់ប្រទេសឥណ្ឌូនេស៊ី ក៏បានទាមទារឱ្យ លោក Plate ផ្តល់សំណងទឹកប្រាក់ ១៥,៥ពាន់លានរូពី ឬប្រហែល ៩៩០ ០០០ដុល្លារ ចំពោះការកេងបន្លំ និងផាកពិន័យចំនួន ១ពាន់លានរូពីបន្ថែមទៀត សម្រាប់ករណីពុករលួយ ដែលបានធ្វើឱ្យរដ្ឋាភិបាលខាតបង់ច្រើនជាង ៨ពាន់លានរូពី។
គួរឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមនៅចុងឆ្នាំ ២០២០ ក្នុងគោលបំណងសាងសង់ស្ថានីយបញ្ជូនទិន្នន័យមូលដ្ឋាន សម្រាប់ប្រព័ន្ធអ៊ីនធើណិត 4G ដើម្បីផ្តល់សេវាទូរស័ព្ទចល័តដល់ប្រជាជននៅតាមភូមិរាប់ពាន់ ក្នុងតំបន់ដាច់ស្រយាល នៅទូទាំងប្រជុំកោះឥណ្ឌូនេស៊ី។
ជម្រាបជូនផងដែរថា ជុំវិញករណីពុករលួយនេះ មានជនជាប់ចោទយ៉ាងតិច ៧នាក់ ដោយក្នុងនោះក៏រួមមានមន្ត្រីរបស់ក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា អ្នកជំនាញ និងអ្នកវិនិយោគផងដែរ៕