ឡាវ ទាក់ទាញភ្ញៀវទេសចរបរទេសបំបែកកំណត់ត្រា ត្រឹម ៩ខែដំបូងឆ្នាំនេះ

អន្តរជាតិ

ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន​បានទាក់ទាញភ្ញៀវទេសចរបរទេសជាង ២,៤ លាននាក់ ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំ ២០២៣ នេះ​ ដែលកើនឡើង ២៨៥% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលបានមកលេងកម្សាន្តនៅក្នុងប្រទេសឡាវច្រើនជាងគេ មានដូចជាថៃ មានជិត ១លាននាក់ ខណ:មកពីប្រទេសវៀតណាម ជាង ៦០ ម៉ឺននាក់ មកពីប្រទេសចិន ៤៨ ម៉ឺននាក់ និងនៅសេសសល់ទៀត មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក។

យោងតាមក្រសួង បានឱ្យដឹងទៀតថា ការកើនឡើងយ៉ាងខ្លាំងនៃលំហូរភ្ញៀវទេសចរបរទេសនេះ ត្រូវបានជំរុញជាពិសេស ដោយសារតែការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលចំពោះការធ្វើដំណើរលឿនជាងមុន នៅលើផ្លូវហាយវេ និងផ្លូវដែកឡាវ-ចិន ដែលបានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុត។

ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ថ្មីក៏ជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឡាវ សម្រាប់ឆ្នាំ ២០២៤ នៃដំណើរទស្សនកិច្ចនាពេលខាងមុខ និងក្នុងនាមជាប្រធានអាស៊ាន​ នៅឆ្នាំក្រោយផងដែរ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលឡាវ និងអ្នកធុរកិច្ចក្នុងស្រុក បាននឹងកំពុងសហការគ្នា ក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការតាំងពិព័រណ៍អន្តរជាតិ និងពិព័រណ៍ទេសចរណ៍អាស៊ាន។ ហើយរដ្ឋាភិបាល បានដាក់គោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យបាន ៤,៦ លាននាក់ និងបង្កើតប្រាក់ចំណូលចំនួន ៧១២លានដុល្លារ ក្នុងឆ្នាំ ២០២៤ ៕