ឥណ្ឌាចំណេញប្រាក់ខ្ទង់ពាន់លានដុល្លារ ពីការទិញប្រេងឆៅរុស្ស៊ី

អន្តរជាតិ

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters ដោយផ្អែកតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ប្រទេសឥណ្ឌាបាន​ចំណេញ​ប្រាក់​ប្រហែល ២,៧ ពាន់​លាន​ដុល្លារ​ ពីការ​នាំ​ចូល​ប្រេង​របស់​រុស្ស៊ី ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ​២០២៣ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា នៅចន្លោះខែមករា និងខែកញ្ញា ប្រទេសឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីចំនួន ៦៩,០៦ លានតោន ឬស្មើនឹង ១,៨៥ លានបារ៉ែលក្នុងមួយថ្ងៃ ។

ជាមួយគ្នានោះ បើរាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូន និងការធានារ៉ាប់រង ប្រេងរុស្ស៊ីដែលត្រូវបានចែកចាយទៅកាន់ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា មានតម្លៃជាមធ្យមប្រហែល ៥២៥,៦០ ដុល្លារ ក្នុងមួយតោន ខណៈបើប្រៀបធៀបប្រេងរបស់អ៊ីរ៉ាក់ ដែលមានគុណភាពប្រហាក់ប្រហែល នឹងប្រេងឆៅ Urals របស់រុស្ស៊ីនោះ គឺមានតម្លៃជាមធ្យមប្រហែល ៥៦៤,៤៦ ដុល្លារក្នុងមួយតោន នៅអំឡុងរយៈពេលដូចគ្នា។

ដូច្នេះហើយ ការ​គណនា​បាន​បង្ហាញ​ថា ភាគខុសគ្នានៃតម្លៃនេះ វា​មានន័យថា ឥណ្ឌា​ចំណេញ​ប្រាក់​បានចំនួន ២,៧ ពាន់​លាន​ដុល្លារ ពីការទិញប្រេងរុស្ស៊ី ជំនួសប្រេងឆៅមកពីអ៊ីរ៉ាក់។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា បានជំនួសតំណែងបណ្តាប្រទេសនៅអឺរ៉ុប ដោយបានក្លាយខ្លួនជាប្រទេសទិញប្រេងឆៅដ៏ធំបំផុត ពីប្រទេសរុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំមុន៕