រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូនេស៊ី លោក Sakti Wahyu Trenggono កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅ បាននិយាយថា នេះជាលើកដំបូងហើយដែលប្រទេសរបស់ខ្លួន បាននាំចេញផលិតផលនេសាទចំនួន ២៤៣ តោន ក្នុងតម្លៃជាង ១លានដុល្លារ ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Sakti និយាយទៀតថា ក្រសួងទើបតែទទួលបានសិទ្ធិក្នុងការនាំចេញផលិតផលនេសាទរបស់ក្រុមហ៊ុន PT Menara Bahari Nusantara ជាលើកដំបូង ទៅកាន់ប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាទីផ្សារអាហារសមុទ្រធំទីពីររបស់ពិភពលោក។
រដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា ទំនិញដែលបាននាំចេញទៅកាន់ប្រទេសចិន រួមមាន មឹក ចំនួន ១៨៩ តោន ត្រីធូណា ២៧ តោន និងត្រីប្រភេទផ្សេងទៀតចំនួន ២៧ តោន ដែលមានតម្លៃសរុប ១៨,៧ពាន់លានរូពី (១,២លានដុល្លារ)។
ជម្រាបជូនផងដែរថា ចិនគឺជាទីផ្សារដ៏មានសក្តានុពលខ្លាំងបំផុត សម្រាប់ផលិតផលនេសាទ ខណ:ការនាំចេញជាលើកដំបូងរបស់ឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមអនាគតនៃកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង រវាងប្រទេសទាំងពីរ ក្នុងវិស័យនេសាទ៕