រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកាថា រដ្ឋាភិបាលអាមេរិកមានភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថា មានក្រុមហ៊ុនចិនមួយចំនួន កំពុងផ្គត់ផ្គង់សម្ភារៈសង្គ្រៀមទៅរុស្ស៊ី ហើយពួកគេកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិនទាំងនោះ កំពុងផ្ដល់ឧបករណ៍សំខាន់ៗ សម្រាប់កងយោធារុស្ស៊ី ខណៈលោកស្រី Yellen បានអំពាវនាវឲ្យរដ្ឋាភិបាលចិន ចេញមុខដោះស្រាយបញ្ហាមួយនេះ ដ្បិតជាបញ្ហានៅក្នុងប្រទេសរបស់ខ្លួន។
“ខ្ញុំបានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនទាំងនោះមិនត្រូវផ្គត់ផ្គង់សម្ភារៈ គាំទ្រដល់វិស័យការពារជាតិរបស់រុស្ស៊ីឡើយ ហើយពួកគេច្បាស់ជាទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើសិនជាពួកគេនៅតែរឹងទទឹងបែបនេះ”។ នេះបើតាមសម្ដីរបស់លោកស្រី Yellen បាននិយាយ។
សូមជម្រាបដែរថា មកទល់នឹងពេលនេះ រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមហ៊ុនឯកជនមួយចំនួន ដែលផ្គត់ផ្គង់សម្ភារៈសង្គ្រៀមទៅកាន់ប្រទេសរុស្ស៊ី និងវិទ្យាស្ថានហិរញ្ញវត្ថុមួយចំនួនទៀត ដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី៕