កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airline) បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនផលិតយន្តហោះ Airbus ដើម្បីពិភាក្សាអំពីការបញ្ជាទិញយន្តហោះទំនើបថ្មីៗចំនួន ៣៥៥ គ្រឿង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu ។
ក្នុងអំឡុងពេលកិច្ចប្រជុំ ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនោះ មន្ត្រីមកពីក្រុមហ៊ុនអាកាសចរណ៍តួកគី បានពិភាក្សាអំពីការទិញយន្តហោះ A350-900 ចំនួន ៧៥ គ្រឿង ក្នុងនោះក៏មានយន្តហោះ A350-1000 ចំនួន ១៥ គ្រឿង ព្រមទាំងយន្តហោះ A321neo ចំនួន ២៥០ គ្រឿង បន្ថែមពីនោះក្រុមហ៊ុននឹងទិញយន្តហោះដឹកទំនិញ A350F ចំនួន ៥ គ្រឿង និងយន្តហោះ A350-900s ចំនួន ១០ គ្រឿង។
លើសពីនោះ ទីភ្នាក់ងារព័ត៌មានដដែលបានបន្ថែមថា មន្ត្រីអាកាសចរណ៍តួកគីក៏បានពិភាក្សា ជាមួយក្រុមហ៊ុន Rolls Royce លើសេវាកម្មថែទាំ និងជួសជុលម៉ាស៊ីនយន្តហោះ A350 ផងដែរ។
ដោយឡែក កាលពីខែឧសភា ប្រធានក្រុមហ៊ុនអាកាសចរណ៍តួកគី លោក Ahmet Bolat បាននិយាយថា ក្រុមហ៊ុនមានបំណងបញ្ជាទិញយន្តហោះថ្មីចំនួន ៦០០ គ្រឿងបន្ថែម នៅអំឡុងខែមិថុនា ខណៈយន្តហោះដែលបញ្ជាទិញនោះ នឹងផលិតអោយបានរួចរាល់ក្នុងរយៈពេល ១០ ឆ្នាំ។ តែទោះជាយ៉ាងណា លុះមកដល់ខែមិថុនា លោកបាននិយាយថា ផ្នែកខ្លះនៃការបញ្ជាទិញនោះ គឺមិនចាំបាច់ឡើយ ហើយការបញ្ជាទិញចុងក្រោយ វាស៊ីសងទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលនឹងប្រកាសក្នុងរយៈពេល ២ ខែខាងមុខ៕