Tesla នឹងផាកពិន័យ ៥ម៉ឺនដុល្លារ ប្រសិនបើអតិថិជនដាក់លក់រថយន្តទើបតែទិញបាន ១ឆ្នាំដំបូង

អន្តរជាតិ

បើ​យោងទៅ​តាម​លក្ខខណ្ឌ​របស់ក្រុមហ៊ុន Tesla បានបញ្ជាក់ថា រាល់អតិថិជន​ណាដែល​ទិញ​រថយន្ត Cybertrucks ហើយ​លក់​រថយន្ត​របស់​ពួក​គេទៅកាន់ភាគគីទីបី ក្នុង​អំឡុងមួយ​ឆ្នាំ​ដំបូង​ នោះអតិថិជននឹងត្រូវក្រុមហ៊ុនប្តឹងឲ្យសងសំណងជាទឹកប្រាក់ ៥ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Insider ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងករណីលើកលែង ចំពោះអតិថិជនដែលមានហេតុផលសមរម្យដើម្បីលក់រថយន្ត ក្រុមហ៊ុននឹងទិញយកមកវិញ ក៏ប៉ុន្តែប្រសិនបើ Tesla មិន​ចង់​ទិញ​រថយន្ត​នោះ ក្រុមហ៊ុន​អាច​នឹង​យល់ព្រម ​ឱ្យ​អតិថិជន​លក់​វា​ទៅកាន់​ភាគីណាមួយផ្សេងទៀត ដោយពុំមានការទាមទារជាសំណងទឹកប្រាក់អ្វីឡើយ។

បន្ថែមពីនោះ​ ទស្សនាវដ្តី Fast Company បានរាយការណ៍មកថា ចំពោះមុខងាររថយន្តបើកបរដោយខ្លួនឯង (Full Self-Driving) ដែលមានតម្លៃបង់ប្រចាំខែរហូតដល់ ១៩៩ ដុល្លារ នឹងមិនអាចផ្ទេរទៅកាន់ម្ចាស់ថ្មីបានទេ ដែលជាហេតុនាំឲ្យការលក់មានភាពស្មុគស្មាញ។

ដោយឡែក បើក្រឡេកទៅកាន់ឆ្នាំ ២០១៩ វិញ ដើមឡើយ Tesla បាននិយាយថា រថយន្ត Cybertruck នឹងមានតម្លៃចាប់ពី​ ៣៩ ៩០០ ដុល្លារក្នុងមួយគ្រឿង ក៏ប៉ុន្តែបច្ចុបន្នវាទំនងជាមានតម្លៃថ្លៃជាងនេះ​ ដោយសារបំណែកគ្រឿងបង្គុំរថយន្តមានការឡើងថ្លៃ។

រម្លឹកបន្ថែមថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីដើមឆ្នាំថា មុនពេលរថយន្ត EV ប្រភេទនេះ អាចរួមចំណែកដ៏សំខាន់ក្នុងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន វាត្រូវការពេលយ៉ាងហោចណាស់ពីមួយឆ្នាំ ទៅមួយឆ្នាំកន្លះ ខណៈនាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ សង្ឃឹមថា Cybertruck នឹងអាចផលិតឲ្យបានចំនួនរហូតដល់ទៅ ២៥ ម៉ឺនគ្រឿង ត្រឹមឆ្នាំ ២០២៥ ខាងមុខ៕