ក្រុមហ៊ុនផលិតរថយន្តអាមេរិក Rivian Automotive មានបំណងបង្កើនបំណុលរបស់ខ្លួន ឲ្យជិតដល់ ១៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅរដ្ឋ Georgia សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា តាមកិច្ចព្រមព្រៀងមួយដែលចុះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា បានឲ្យដឹងថា ក្រុមហ៊ុន Rivian យល់ព្រមទិញមូលបត្របំណុលជាប់ពន្ធ ដែលនឹងចេញដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចGeorgia និងអាជ្ញាធរអភិវឌ្ឍន៍រួមនៃទីក្រុង Jasper, Morgan, Newton និង Walton County។
ក្រុមហ៊ុនរថយន្តមួយនេះ ក៏បានយល់ព្រមបង់ប្រាក់ជាអប្បបរមាប្រមាណជិត ៣០០លានដុល្លារ សម្រាប់ការបង់ពន្ធអចលនទ្រព្យ រហូតដល់ឆ្នាំ២០៤៧ ខណៈការបង់ពន្ធនឹងអាចមានចំនួនច្រើនជាងនេះ ក្នុងករណី Rivian ធ្វើការវិនិយោគលើសពីទំហំ ៥ពាន់លានដុល្លារ។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Rivian ធ្លាប់បាននិយាយកាលពីឆ្នាំ២០២១ ថា ពួកគេមានបំណងបង្កើតរោងចក្រមួយនៅរដ្ឋ Georgia ហើយនឹងគ្រោងដំណើរការក្នុងឆ្នាំ២០២៤ ខណៈរោងចក្រមួយនេះ នឹងអាចបង្កើតឱកាសការងារដល់មនុស្ស ៧ ៥០០នាក់ និងមានសមត្ថភាពផលិតរថយន្តបាន ៤០០ ០០០គ្រឿងក្នុងមួយឆ្នាំ៕