ចិនត្រៀមចាប់ដៃជាមួយកម្ពុជា និងប្រទេសអាស៊ាន ៤ទៀត បើកសមយុទ្ធយោធាទ្រង់ទ្រាយធំ

អន្តរជាតិ

ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងខែវិច្ឆិកានេះ ជាមួយបណ្តាប្រទេសសមាជិកចំនួនប្រាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ វៀតណាម និងឡាវ ដោយផ្តោតយ៉ាងសំខាន់លើការប្រឆាំងភេរវកម្ម និងសន្តិសុខដែនសមុទ្រ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន South China Morning Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិចិនបាននិយាយថា សមយុទ្ធយោធារួមគ្នានេះ មានឈ្មោះថា Aman Youyi ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ចុងខែវិច្ឆិកា នៅឆ្នេរសមុទ្រ Zhanjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន។

បន្ថែមពីនោះ សមយុទ្ធរួមគ្នារវាងចិន និងសមាជិកអាស៊ាន គឺមានគោលបំណងក្នុងការបង្កើនសមត្ថភាពប្រឆាំងភេរវកម្មទីក្រុង និងដែនសមុទ្ររបស់ប្រទេសដែលចូលរួម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមបុព្វហេតុរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

សូមជម្រាបផងដែរថា នេះជាលើកទីមួយប៉ុណ្ណោះ ដែលប្រទេសកម្ពុជា វៀតណាម និងឡាវ បានចូលរួមសមយុទ្ធរួមគ្នា Aman Youyi នេះ ខណៈវាក៏ជាលើកដំបូងដូចគ្នា របស់ប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះ ចាប់តាំងពីសមយុទ្ធបានធ្វើឡើងដល់ទៅចំនួន ៥លើក តាំងតែពីការបង្កើតឡើងក្នុងឆ្នាំ ២០១៤ មក៕