សហភាពអឺរ៉ុប គ្រោងអនុម័តកញ្ចប់ទណ្ឌកម្មទី១២ ទៅលើប្រទេសរុស្ស៊ី

អន្តរជាតិ

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ក្រុមមន្ត្រីរបស់សហភាពអឺរ៉ុប កំពុងរៀបចំបញ្ចប់ព័ត៌មានលម្អិតចុងក្រោយ នៃកញ្ចប់ទណ្ឌកម្មទី១២ ទៅលើប្រទេសរុស្ស៊ី ដែលនឹងរួមបញ្ចូលទាំងការហាមឃាត់ចំពោះការនាំចេញត្បូងពេជ្រ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Borrell បាននិយាយទៀតថា គណ:កម្មការអឺរ៉ុប រំពឹងថាអាចនឹងធ្វើការអនុម័តលើកញ្ចប់ទណ្ឌកម្មថ្មីនេះ​ នៅថ្ងៃពុធខាងមុខ នៅពេលក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​រួមមាន​ប្រទេស​សមាជិក​ទាំង២៧ របស់​ប្លុក នឹងធ្វើការពិភាក្សា និង​អនុម័ត។

គួរឱ្យដឹងថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក សហភាពអឺរ៉ុប បានអនុវត្តកញ្ចប់ទណ្ឌកម្មទី១១ រួចមកហើយ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីកាត់បន្ថយសមត្ថភាពរបស់វិមានក្រឹមឡាំង ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម។ ហើយចំពោះវិធានការ​នេះ​ មាន​វិសាលភាពនៅ​ទូទាំង​វិស័យ រួមទាំង​បុគ្គល និង​អង្គភាព​ប្រមាណ ១ ៨០០។

ជម្រាបជូនផងដែរថា ចំពោះកញ្ចប់ទណ្ឌកម្មទី១២ នេះនឹងរួមបញ្ចូលទាំងការហាមឃាត់លើការនាំចេញប្រភេទទំនិញថ្មី ដោយក្នុងនោះរួមមានទាំងត្បូងពេជ្រ ក៏ដូចជាការរឹតបន្តឹងលើតម្លៃប្រេង ដើម្បីកាត់បន្ថយប្រាក់ចំណូលដែលរុស្ស៊ីកំពុងទទួលបានពីការលក់ប្រេងរបស់ពួកគេ ផងដែរ៕