ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថា បានកើនឡើងយ៉ាងខ្លាំង កាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា បន្ទាប់ពីមានរបាយការណ៍បានចុះផ្សាយថា ប្រទេសចិន កំពុងពិចារណាទិញយន្តហោះប្រភេទ 737 MAX ឡើងវិញ ក្រោយពីផ្អាកអស់រយ:ពេលជាង ៤ឆ្នាំ។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថាភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានកើនឡើងដល់ ៤% ស្របពេលក្រុមហ៊ុនផ្គត់ផ្គង់ Spirit Aerosystems ក៏បានកើនឡើង ២,៧% ផងដែរ។
កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ប្រទេសចិន ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាបន្តការទិញយន្តហោះ Boeing 737 MAX ឡើងវិញ នៅពេលដែលប្រធានាធិបតីអាមេរិក និងចិន រំពឹងថានឹងជួបប្រជុំពិភាក្សាគ្នា ក្នុងសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូល APEC។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ចិន បានផ្អាកការទិញយកយន្តហោះប្រភេទ 737 MAX ពីក្រុមហ៊ុន Boeing អស់រយ:ពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីមានក្តីបារម្ភចំពោះបញ្ហាសុវត្ថិភាព ចាប់តាំងពីយន្តហោះប្រភេទនេះ បានជួបឧបទ្ទវហេតុធ្លាក់ចំនួន ២លើករួចមកហើយ៕