រដ្ឋាភិបាលអូស្ត្រាលីបាននិយាយនាថ្ងៃទី១៥ ខែវិច្ឆិកានេះថា ប្រទេសចិន នឹងអាចដកនូវរនាំងពាណិជ្ជកម្ម ដែលសេសសល់ទាំងអស់នាខែក្រោយ បន្ទាប់ពីទំនាក់ទំនងប្រទេសទាំង២ កំពុងមានស្ថិរភាពឡើងវិញ ក្រោយនាយករដ្ឋមន្ត្រី លោក Anthony Albaneses បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នាដើមខែនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រោយលោក Albanese ចូលកាន់តំណែងកាលពីឆ្នាំមុន អូស្ត្រាលីបានព្យាយាមផ្សះផ្សារសម្ព័ន្ធភាពជាមួយចិនឡើងវិញ ហើយជាលទ្ធផល ចិនបានដករនាំងពាណិជ្ជកម្ម ដែលខ្លួនបានដាក់លើអូស្ត្រាលីកាលពីឆ្នាំ២០២០។
“ខ្ញុំនៅតែជឿជាក់ថា ត្រឹមរដូវកាលគ្រីសស្មាក់នេះ រនាំងពាណិជ្ជកម្មទាំងអស់ នឹងត្រូវបានដកចេញ ហើយពួកយើងក៏ផ្សះផ្សាររួចរាល់នូវទំនាក់ទំនងទាំងអស់ ដែលពួកយើងចង់បានជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់យើងផងដែរ”។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បាននិយាយ។
សូមជម្រាបដែរថា មូលហេតុដែលចិនដាក់រនាំងពាណិជ្ជកម្មទៅលើប្រទេសអូស្ត្រាលី គឺកាលពីឆ្នាំ២០២០ ប្រទេសទាំង២ មានជម្លោះការទូត ដោយអូស្ត្រាលីចោទប្រកាន់ចិនថា ជាប្រភពនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលធ្វើឲ្យចិនខឹងសម្បារជាខ្លាំងនាពេលនោះ៕