ប្រទេសថៃ បានបង្កើនផែនការនាំចេញអង្កររបស់ខ្លួន ទៅលើទីផ្សារអន្តរជាតិនាឆ្នាំនេះ ឲ្យបានប្រមាណ ៨,៥លានតោន ព្រោះតម្រូវការកំពុងត្រូវប៉ាន់ ក្រោយតម្លៃអង្កររបស់វៀតណាម ដែលជាគូប្រជែង មានការកើនឡើង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

ថៃលក់អង្ករក្នុងតម្លៃចន្លោះពី ៥៥០ ទៅ ៥៥៥ដុល្លារក្នុងមួយតោន ខណៈវៀតណាម លក់អង្ករបានតម្លៃខ្ពស់ រហូតដល់ ៦៣០ដុល្លារឯណោះ ក្នុងមួយតោន ជាហេតុធ្វើឲ្យប្រទេសដូចជា ហ្វីលីពីន និងឥណ្ឌូណេស៊ី ត្រូវបង្វែរគោលដៅ បញ្ជាទិញអង្ករបន្ថែមពីប្រទេសថៃ។
គួររំលឹកបន្តិចថា សម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសថៃបាននាំចេញអង្ករសរុប ប្រហែល ៦,០៨លានតោន កើនឡើង ១២% បើធៀបនឹងឆ្នាំទៅ ខណៈរដ្ឋាភិបាលធ្លាប់ដាក់គោលដៅនាំចេញអង្ករសរុបប្រចាំឆ្នាំ ប្រមាណ ៨លានតោន។
ទោះជាយ៉ាងណា ថៃអាចនឹងពិបាកសម្រេចបានគោលដៅថ្មី ដែលគ្រោងនាំចេញអង្ករ ៨,៥លានតោនខាងលើ ព្រោះតែសង្វាក់ផលិតកម្មអង្ករក្នុងស្រុក កំពុងជួបភាពរាំងស្ទះ ដោយសារគ្រោះទុរភិក្ស El Nino៕