វៀតណាមកើបប្រាក់ចំណូលជិត ៤,១ ពាន់លានដុល្លារ ពីការនាំចេញកាហ្វេក្នុងតម្លៃថ្លៃ

អន្តរជាតិ

ការនាំចេញកាហ្វេរបស់វៀតណាមនៅក្នុងរដូវកាល ២០២២-២០២៣ បានស្វែងរកប្រាក់ចំណូលដល់ទៅ ៤,០៨ ពាន់លានដុល្លារ ក្រោមមូលហេតុតម្លៃនៃការនាំចេញកាហ្វេ មានការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam News ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទបូកសរុបទិន្នផលនៃការបង្កបង្កើនផលក្នុងរដូវកាល ២០២២-២០២៣ ប្រធានសមាគមកាកាវ និងកាហ្វេវៀតណាម (Vicofa) លោក Nguyen Nam បាននិយាយថា ដំណាំកាហ្វេនៅរដូវកាល ២០២២-២០២៣ នេះ (ពីខែតុលា ឆ្នាំ ២០២២ ដល់ខែកញ្ញា ឆ្នាំ ២០២៣) មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ ប៉ុន្តែតម្លៃនៃការនាំចេញកាហ្វេរបស់វៀតណាម ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារតែការផ្គត់ផ្គង់កំពុងមានការខ្វះខាត ក៏ដូចជាការខិតខំប្រឹងប្រែងថែទាំដំណាំរបស់កសិករ និងតាមរយៈការបង្កើតអាជីវកម្មកាហ្វេក្នុងស្រុកបន្ថែម។

ក្នុងនោះ ប្រទេសវៀតណាមបាននាំចេញកាហ្វេជិត ១,៧ លានតោន នៅរដូវកាលឆ្នាំ ២០២២-២០២៣ ដោយធ្លាក់ចុះ ៤,៥% បើធៀបទៅនឹងរដូវកាល ២០២១-២០២២ ។ ក៏ប៉ុន្តែបើទោះបីជាការនាំចេញ មានការធ្លាក់ចុះយ៉ាងណាក៏ដោយ តម្លៃនៃការនាំចេញកាហ្វេជាមធ្យមរបស់ប្រទេសនេះ បានឈានដល់ ២ ៤៥១ ដុល្លារក្នុងមួយតោន កើនឡើង ៥,៥% ធៀបទៅនឹងឆ្នាំមុន។

ឧស្សាហកម្មកាហ្វេវៀតណាម ភាគច្រើននាំចេញផលិតផលឆៅ ដោយក្នុងនោះកាហ្វេ Robusta ជាកាហ្វេនាំចេញច្រើនបំផុតរបស់ប្រទេស ប្រមាណ ១,៥ លានតោន ដែលមានតម្លៃស្មើនឹង ៣,២ ពាន់លានដុល្លារ ខណៈការនាំចេញកាហ្វេបៃតងអារ៉ាប៊ីកាឈានដល់ ៤១ ៥០០ តោនជាមួយនឹងចំណូល ១៦៩ លានដុល្លារ ហើយការនាំចេញកាហ្វេបៃតងដែលគ្មានជាតិកាហ្វេអ៊ីនឈានដល់ ៣៦ ០០០ តោនជាមួយនឹងប្រាក់ចំណូលចំនួន ១៣៦ លានដុល្លារ។ ស្របពេល ការនាំចេញប្រភេទកាហ្វេលីងរួច និងប្រភេទម្សៅវិញ មានប្រហែល ៩០ ០០០ តោនគិតជាចំណូលបានចំនួន ៥១០ លានដុល្លារផងដែរ។

សូមជម្រាបផងដែរថា នៅក្នុងរដូវកាលឆ្នាំ ២០២២-២០២៣ នេះ អាល្លឺម៉ង់គឺជាទីផ្សារកាហ្វេធំបំផុតរបស់វៀតណាម ដែលមានការនាំចេញប្រមាណ ២១៩ ០០០ តោន បន្ទាប់មកមានអ៊ីតាលី អាមេរិក ជប៉ុន រុស្ស៊ី អេស្បាញ បែលហ្សិក និងអាល់ហ្សេរី៕