ប្រធានាធិបតីសហរដ្ឋអាមរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុង San Francisco ហើយ ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC ខណ:មេដឹកនាំប្រទេសទាំងពីរ ក៏ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាគ្នា ជាលើកដំបូងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
ជុំវិញជំនួបនេះ លោក បៃដិន បានសម្តែងក្តីសង្ឃឹមខ្ពស់ថា នឹងអាចជួយធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានភាពរកាំរកូសជាច្រើន។
មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង San Francisco ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំនេះ លោក បៃដិន បាននិយាយថា គោលដៅដ៏សំខាន់របស់លោក គឺធ្វើឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង ដើរលើផ្លូវតែមួយ សារជាថ្មីម្តងទៀត ។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ៖ “យើងអាចលើកទូរស័ព្ទ និងនិយាយគ្នាបាន ប្រសិនបើមានវិបត្តិ។ យើងអាចប្រាកដថា កងកម្លាំងយោធារបស់យើង នៅតែមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។ ហើយយើងមិនព្យាយាមបំបែកខ្លួនចេញ ពីប្រទេសចិននោះទេ ប៉ុន្តែអ្វីដែលយើងកំពុងព្យាយាមធ្វើ គឺផ្លាស់ប្តូរទំនាក់ទំនងរវាងពួកយើងឱ្យកាន់តែប្រសើរឡើង”៕
ជម្រាបជូនផងដែរថា នេះជាលើកដំបូងហើយ ក្នុងរយ:ពេល ៦ឆ្នាំចុងក្រោយ ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ៕