ចំពោះមុខចូ បៃដិន បុរសខ្លាំងរដ្ឋចិនព្រមានអាមេរិក បញ្ឈប់ការគាំទ្រដល់តៃវ៉ាន់

អន្តរជាតិ

មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង បានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា សូមបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពគាំទ្រដល់កោះតៃវ៉ាន់ ព្រោះការបង្រួបបង្រួមជាតិ​រវាងចិន និងតៃវ៉ាន់ គឺជារឿងដែលមិនអាចបញ្ឈប់បានឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសចិនក៏បានចេញសេចក្ដីប្រកាសមួយដែរថា៖ ភាគីអាមេរិកគួរតែបញ្ឈប់ការផ្ដល់ជំនួយយោធា ដល់តៃវ៉ាន់ ហើយងាកមកគាំទ្រការបង្រួបបង្រួមជាតិដ៏មានសន្តិភាពវិញ។ ប្រទេសចិនត្រូវតែសម្រេចបាន​នូវការរួបរួមគ្នា ហើយវាគ្មានអ្វីអាចបញ្ឈប់ផែនការនេះបានឡើយ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប​បានប្រាប់បណ្ដាញសារព័ត៌មានថា បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាធំបំផុត ដែលធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិក ធ្លាក់ដល់ចំណុចអាក្រក់បែបនេះ ខណៈមន្ត្រីជាន់ខ្ពស់រូបនេះសង្កត់ធ្ងន់ថា ចិននឹងមិនបញ្ឈប់គំនិតរួបរួមជាមួយតៃវ៉ាន់ឡើយ បើទោះជាពួកគេត្រូវប្រើធម៌ក្ដៅក៏ដោយ។

សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃ​ប្រទេសចិន ខណៈពួកគេនឹងមិនប្រើអំពើហិង្សាដើម្បីបង្រួបបង្រួមទឹកដីឡើយ ប៉ុន្តែប៉ុន្មានខែមុននេះ គេសង្កេតឃើញថា ចិនតែងតែបើកសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់​ជាញឹកញយ៕