ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា អ៊ីស្រាអែល គឺជារដ្ឋភេរវកម្ម ដោយបានបង្កសង្គ្រាម និងល្មើសច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា ខណៈមេដឹកនាំតួកគី ថែមទាំងបានថ្កោលទោសយ៉ាងខ្លាំងដល់មហាអំណាចលោកខាងលិច ដែលគាំទ្រចំពោះទង្វើរបស់អ៊ីស្រាអែល។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ពីរថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួបជាមួយអធិការបតី លោក Olaf Scholz មេដឹកនាំតួកគីនិយាយថា ការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល លើក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន គឺជាទង្វើព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយលោកខាងលិចបែរជាបន្តការគាំទ្រពេញទំហឹង ចំពោះរឿងមួយនេះ។
បន្ថែមពីនោះ លោក Erdogan បានអំពាវនាវឱ្យមេដឹកនាំអ៊ីស្រាអែល ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ហើយបានលើកឡើងម្តងទៀតនូវទស្សនៈរបស់លោក និងជំហររបស់ប្រទេសទួរគីថា ហាម៉ាសមិនមែនជាអង្គការភេរវករទេ ប៉ុន្តែជាគណបក្សនយោបាយ ដែលបានឈ្នះការបោះឆ្នោតកន្លងមក។
សូមជម្រាបបន្ថែមថា គិតមកទល់បច្ចុប្បន្ន តួកគីបានបញ្ជូនកញ្ចប់ជំនួយប្រមាណ ៦៦៦តោន ដែលរួមមានជំនួយមនុស្សធម៌ ឱសថ គ្រឿងបរិក្ខារពេទ្យ និងក្រុមគ្រូពេទ្យ ទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីជួយដល់ប្រជាជនហ្គាហ្សា ដែលបានភៀសខ្លួនទៅទីនោះ៕