ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក គ្រោងបោះទុនជាង ៨ពាន់លានដុល្លារ នៅក្នុងប្រទេសថៃ

អន្តរជាតិ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកាកន្លងទៅថា ប្រទេសរបស់ខ្លួននឹងទទួលបានការវិនិយោគក្នុងចំនួនទឹកប្រាក់ ៣០០ពាន់លានបាត (៨,៤៦ពាន់លានដុល្លារ) ពីក្រុមហ៊ុនធំៗ ដូចជា Amazon Web Services (AWS), Google និង Microsoft ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chai Wacharonke បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហអាមេរិកទាំងនោះ នឹងបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០០ពាន់លានបាត ក្នុងមួយក្រុមហ៊ុន។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ក្រុមហ៊ុន Amazon Web Services ក៏មានគម្រោង ក្នុងការសាងសង់មជ្ឈមណ្ឌផ្ទុកទិន្នន័យមួយដែលមានតម្លៃដល់ទៅ ៥ពាន់លានដុល្លារ នៅក្នុងអំឡុងពេល ១៥ឆ្នាំខាងមុខ។

លោក Chai បាននិយាយទៀតថា ៖ “នាយករដ្ឋមន្ត្រីថៃ​ លោក Srettha Thavisin មានទំនុកចិត្តខ្ពស់ថាការវិនិយោគរបស់ AWS នឹងជួយលើកកម្ពស់ដល់ការប្រកួតប្រជែងរបស់ប្រទេស” ។ ដោយលោកបានបន្ថែមទៀតថា ទាំង Microsoft និង Google ក៏កំពុងសិក្សាអំពីផែនការវិនិយោគសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យទ្រង់ទ្រាយធំ នៅក្នុងប្រទេសថៃផងដែរ។

ជុំផែនការនេះ ទាំងក្រុម Amazon Web Services, Google និង Microsoft មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការធ្វើអត្ថាធិប្បាយ លើការវិនិយោគនៅក្នុងប្រទេសថៃ នៅឡើយនោះទេ៕