ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង បានបញ្ចប់កិច្ចពិភាក្សាមួយទល់មួយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ ខណៈមេដឹកនាំមហាអំណាចលោកខាងលិច នៅតែប្រកាន់ជំហរហៅបុរសខ្លាំងរដ្ឋចិនថា ជាជនផ្ដាច់ការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

នៅពេលអ្នកកាសែតចោទសួរទៅកាន់លោក ចូ បៃដិន ថា តើលោកនៅតែគិតថា លោក ស៊ី ជិនពីង ជាជនផ្ដាច់ការដែរទេ បន្ទាប់ពីកិច្ចប្រជុំមួយនេះ? ប្រធានាធិបតីអាមេរិកឆ្លើយតបភ្លាមៗថា ច្បាស់ណាស់ គាត់ដូចជាជនផ្ដាច់ការម្នាក់អញ្ចឹង។
“គាត់ (ស៊ី ជិនពីង) ដូចជាជនផ្ដាច់ការមួយរូប ព្រោះតែរបៀបនៃការគ្រប់គ្រងប្រទេសបែបកុម្ម៉ុយនីស្ត ដែលវាមានលក្ខណៈផ្ទុយស្រឡះពីការគ្រប់គ្រងរបស់យើង”។ នេះបើតាមការអះអាងរបស់លោក ចូ បៃដិន ទៅកាន់បណ្ដាញសារព័ត៌មាន។
ជុំវិញបញ្ហាខាងលើ ក្រសួងការបរទេសចិនក៏បានចេញមុខថ្កោលទោសភ្លាមៗ ចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដោយសង្កត់ធ្ងន់ថា ការនិយាយបែបនេះ គឺគ្មានទំនួលខុសត្រូវទាល់តែសោះ៕