កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជជែកគ្នាជាមួយមហាសេដ្ឋីមានបំផុតលើលោក Elon Musk នៅទីក្រុង San Francisco អំឡុងពេលមេដឹកនាំកំពូលរូបនេះ បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ។

ក្នុងជំនួបមួយនោះ Elon Musk ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោក ស៊ី ជិនពីង ពោលប្រធានាធិបតីចិន លើកទឹកចិត្តខ្ពស់ដល់ក្រុមហ៊ុន Tesla ក្នុងការអភិវឌ្ឍន៍បន្ថែម នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជាមួយគ្នា មហាសេដ្ឋីមានបំផុតលើលោក ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរ ចំពោះការអភិវឌ្ឍន៍ដ៏ជឿនលឿន នៃវិស័យបច្ចេកវិទ្យាយានយន្តថាមពលថ្មី។
សូមជម្រាបដែរថា ចិនគឺជាប្រភពនៃការផលិតរថយន្តដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Tesla ខណៈមហាអំណាចអាស៊ីមួយនេះ ក៏ជាទីផ្សារសំខាន់ និងជាប្រភពចំណូលធំបំផុតមួយ របស់ក្រុមហ៊ុនរថយន្តខ្នាតយក្សអាមេរិកមួយនេះផងដែរ៕