ប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y Lee កំពុងរង់ចាំសវនាការចុងក្រោយពីតុលាការ ជុំវិញករណីបន្លំទិន្នន័យ និងតម្លៃភាគហ៊ុន ដែលសរុបជាទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ ដើម្បីបង្រួមបុត្រសម្ព័ន្ធក្រុមហ៊ុន Samsung ចំនួន២។
តាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា នេះគឺជាការកាត់ក្ដីលើកចុងក្រោយ សម្រាប់មហាសេដ្ឋីកូរ៉េខាងត្បូង បន្ទាប់ពីរូបលោកទទួលបានការលើកលែងទោស ឲ្យរស់នៅក្រៅឃុំកាលពីពេលកន្លងទៅ។
សវនាការដែលប្រព្រឹតឡើងនាថ្ងៃទី១៧ ខែវិច្ឆិកានេះផងដែរ ព្រះរាជអាជ្ញានឹងប្រាប់ទៅកាន់តុលាការកណ្ដាលក្រុងសេអ៊ូល ពីទោសដែលមហាសេដ្ឋីម្នាក់នេះ និងបក្សពួក ត្រូវអនុវត្តតាម បើសិនជារកឃើញថា ពួកគេពិតជាបានល្មើសច្បាប់។
សូមជម្រាបដែរថា កន្លងមក លោក Lee និងបក្សពួក ត្រូវបានចោទប្រកាន់ថា បាននៅពីក្រោយការប្រព្រឹត្តអំពើពុករលួយ ដូចជាក្លែងបន្លំគណនី និងកែប្រែតម្លៃផ្សារហ៊ុន ដើម្បីបង្រួមក្រុមហ៊ុន Samsung C&T និងក្រុមហ៊ុន Cheil Industries ក្នុងគោលបំណងឲ្យមហាសេដ្ឋីកូរ៉េខាងត្បូង មានសិទ្ធគ្រប់គ្រងក្រុមហ៊ុន Samsung Electronics ទាំងមូល។
ប៉ុន្តែលោក Lee និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ សុទ្ធតែប្រកាន់ជំហរថា មិនបានធ្វើរឿងទាំងនោះឡើយ ខណៈការរួមបញ្ចូលនៃក្រុមហ៊ុនទាំង២នេះ គឺធ្វើឡើងតាមរបៀបរបបត្រឹមត្រូវ តាមក្បួនច្បាប់ធម្មតា៕