អំឡុងពេលចូលរួមវេទិកា APEC នៅសហរដ្ឋអាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជជែកគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប ហើយក្នុងនោះលោកក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ផងដែរ ដោយអ្នកទាំង២ សន្យាពង្រឹងទំនាក់ទំនងប្រទេសទាំង២ ឡើងវិញ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងជំនួបផ្ទាល់លើកដំបូងនាឆ្នាំនេះ មេដឹកនាំចិន និងជប៉ុន បានពិភាក្សាពីការរឹតចំណងមិត្តភាពឡើងវិញ ខណៈលោក Kishida ទទូចសុំឲ្យចិន ដកចេញនូវការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសខ្លួន។
“ប្រទេសទាំង២ គួរតែផ្ដោតសំខាន់លើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើឲ្យកាន់តែរឹងមាំ នូវភាពជាដៃគូដ៏មានប្រសិទ្ធភាព ហើយផ្ដល់ការគោរពចំពោះគ្នាទៅវិញទៅមក”។ នេះបើតាមសម្ដីរបស់លោក ស៊ី បានប្រាប់ទៅកាន់លោក Kishida។
សូមជម្រាបបន្ថែមថា ទំនាក់ទំនងរវាងចិន និងជប៉ុន បានធ្លាក់ក្នុងភាពល្អក់កករ ក្រោយរដ្ឋាភិបាលក្រុងប៉េកាំង ប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រ ពីជប៉ុន ក្រោមហេតុផលការពារសុវត្ថិភាពប្រជាពលរដ្ឋ ដោយសារការបង្ហូរទឹកវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ៕