នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឯកភាពគ្នា លើការមិនទាមទារទិដ្ឋាការ ចំពោះធុរកិច្ចជនរវាងប្រទេសទាំង២។

យោងតាមការចុះផ្សាយពីកាសែត BangkokPost បានទម្លាយថា ធុរកិច្ចជនថៃ និងជប៉ុន លែងត្រូវការទិដ្ឋាការ សម្រាប់ការមកវិនិយោគនៅក្នុងប្រទេសទាំង២ បន្ទាប់ពីថ្នាក់ដឹកនាំថៃ និងជប៉ុន បានឯកភាពគ្នាចំពោះកិច្ចព្រមព្រៀងមួយនេះ។
ជាមួយគ្នា នាយករដ្ឋមន្ត្រីថៃបានប្រាប់ទៅកាន់លោក Kishida ថា ថៃនៅតែបន្តគាំទ្រ ដល់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនជប៉ុននៅក្នុងស្រុក ខណៈលោកសង្ឃឹមមុតមាំថា ធុរកិច្ចជនជប៉ុននៅតែបន្តការវិនិយោគនៅថៃ កាន់តែច្រើនជាងមុននាឆ្នាំក្រោយ។
សូមជម្រាបបន្ថែមថា ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តធំបំផុតមួយនៅតំបន់អាស៊ី សម្រាប់ក្រុមហ៊ុនជប៉ុន ខណៈនៅទីនោះក៏ជាប្រភពចំណូលដ៏ច្រើនផងដែរ ដោយសារប្រជាជនថៃភាគច្រើន ពេញនិយមប្រើប្រាស់រថយន្តជប៉ុន៕