សង្គ្រាមស៊ីវិលដែលកំពុងផ្ទុះនៅមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏ចំបងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ក្នុងការរកដំណោះស្រាយដ៏សមប្រកបមួយ។ នេះបើតាមការស្រង់សម្ដី របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ពីបណ្ដាញសារព័ត៌មាន CNA។

ថ្លែងនៅលើវេទិកាមួយនៅកោះហាវៃ លោក Marcos បាននិយាយថា អាស៊ានមានឆន្ទៈក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាមួយនេះមានភាពចាក់ស្រែះខ្លាំង ដែលសូម្បីតែការបញ្ជូនជំនួយមនុស្សធម៌ ក៏មានភាពរអាក់រអួលផងដែរ។
គួររំលឹកបន្តិចថា តាំងពីមានការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០២១ ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ១លាននាក់ បានរត់ភៀសខ្លួន ផ្លាស់ប្ដូរទីជម្រក ខណៈប្រទេសមួយនេះក៏ត្រូវបានគ្រប់គ្រងដោយរបបយោធាវិញ។
ប៉ុន្តែកាលពីខែមុន កងទ័ពជនជាតិភាគតិច បានងើបឡើងបះបោរជាមួយរបបយោធាមីយ៉ាន់ម៉ា ដែលធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេស កាន់តែយ៉ាប់យ៉ឺន ខណៈមេដឹកនាំហ្វីលីពីនបង្ហើបថា រដ្ឋាភិបាលមីយ៉ាន់ម៉ា ហាក់លែងទទួលបានការគាំទ្រពីរបបយោធារបស់ខ្លួនហើយ៕