ក្នុងត្រីមាសទីបីនៅឆ្នាំនេះ កំណើន GDP របស់ប្រទេសថៃ នៅតែបន្តកើនឡើងសន្សឹមៗ

អន្តរជាតិ

ទីភ្នាក់ងារផែនការរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងយឺតជាងការរំពឹងទុក នៅក្នុងត្រីមាសទី ៣ ដោយសារការចំណាយរបស់រដ្ឋាភិបាល និងការនាំចេញមានការធ្លាក់ចុះ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយថា នៅក្នុងត្រីមាសទី ៣ ដែលរាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ បានកើនឡើងប្រមាណ ១,៥% បើធៀបនឹងឆ្នាំមុន។

ក្នុងនោះ ប្រធានទីភ្នាក់ងារផែនការ លោក Danucha Pichayanan បានប្រាប់សន្និសីទសារព័ត៌មានថា និយាយជារួមទៅ សេដ្ឋកិច្ចថៃកំពុងតែបន្តកើនឡើងសន្សឹមៗ ក៏ប៉ុន្តែប្រសិនបើចង់ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនជាងនេះ យើងត្រូវតែរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម។ ម្យ៉ាងវិញទៀត នៅក្នុងត្រីមាសទី ៤ សន្ទុះនៃការនាំចេញបានចាប់ផ្តើមប្រសើរឡើង​ ហើយវាគួរតែធ្វើឱ្យផលិតកម្មឧស្សាហកម្មកាន់តែប្រសើរឡើងវិញផងដែរ។

ជាមួយគ្នានេះដែរ ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលធននៃធនាគារ Kasikornbank លោក Kobsidthi Silpachai ក៏បាននិយាយផងដែរថា ទិន្នន័យនៃការកើនឡើង GDP យឺតបែបនេះ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីផ្តោតលើកំណើន ជាជាងអតិផរណា។

គួររម្លឹកថា កាលពីត្រីមាសទី ២  ដែលមានរយៈពេលចាប់ពីខែមេសា ដល់ខែមិថុនានោះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ មានការកើនឡើង ១,៨% បើធៀបនឹងឆ្នាំ ២០២២ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានចុះផ្សាយកាលពីពេលកន្លងទៅ៕