នាថ្ងៃទី២១ ខែវិច្ឆិកានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងជំទាវទីមួយ លោកស្រី Kim Keon Hee បានចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ចក្រភពអង់គ្លេស ក្រោមការអញ្ជើញពីព្រះមហាក្សត្រ King Charles III។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Yoon ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ដោយមានការក្រាលព្រំក្រហមចាំទទួល និងការរៀបចំពិធីជប់លៀងនៅវិមាន Buckingham ក៏ដូចជាការទទួលទានអាហារថ្ងៃត្រង់ជាមួយស្ដេច និងព្រះមហេសី Queen Camilla នៃចក្រភពអង់គ្លេសផងដែរ។
បន្ថែមពីនោះ មេដឹកនាំប្រទេសកូរ៉េខាងត្បូង ក៏ត្រូវត្រៀមខ្លួនជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ដើម្បីជជែកគ្នាពីកិច្ចសហប្រតិបត្តិការនានា ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ និងការធ្វើពាណិជ្ជកម្មជាដើម។
សូមជម្រាបដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង បានចាត់ទុកដំណើរទស្សនកិច្ចមួយនេះថា ជាសញ្ញាដែលអង់គ្លេស ចាត់ទុកកូរ៉េខាងត្បូងជាដៃគូសំខាន់បំផុតមួយ សម្រាប់កិច្ចសហប្រតិបត្តិការលើពិភពលោក និងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈតាំងពីប្រកាសចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសធំៗជាញឹកញាប់៕