យោងតាមរបាយការណ៍ស្រាវជ្រាវមួយ ដែលចេញផ្សាយដោយគេហទំព័រ CNA កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានបង្ហាញថា ក្រុមប្រទេសអ្នកមានកំពុងត្រៀមចេញនូវផែនការថ្មី ជួយដល់ប្រទេសចំនួន ១០០ ដែលងាយរងគ្រោះ ដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ។

ផែនការថ្មីនោះគឺ ក្រុមប្រទេសអ្នកមានគ្រោងនឹងផ្ដល់ជំនួយតិចបំផុត ប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំ ទៅកាន់ប្រទេសចំនួន១០០ ងាយរងគ្រោះបំផុតដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈកញ្ចប់ថវិកាដែលពួកគេត្រៀម គឺមានតម្លៃប្រមាណ ២៥ពាន់លានដុល្លារ។
ក្នុងករណីពិសេស ប្រទេសខ្លះអាចនឹងទទួលបានកញ្ចប់ទឹកប្រាក់ច្រើនជាងនេះ រហូតដល់ ២០០ ទៅ ៣០០លានដុល្លារ បើសិនជាប្រទេសទាំងនោះ រៀបចំសំណើត្រឹមត្រូវ ក្នុងការស្នើសុំកញ្ចប់ទឹកប្រាក់។
ជម្រាបជូនដែរថា ដើម្បីអាចទទួលបានទឹកប្រាក់ទាំងនោះបាន ប្រទេសដែលងាយរងគ្រោះទាំង១០០ នោះ គឺត្រូវតែសិក្សាឲ្យច្បាស់ពីបញ្ហាដែលពួកគេជួបប្រទះ និងស្វែងរកឲ្យឃើញនូវដំណោះស្រាយ ក៏ដូចជារបៀបនៃការប្រើប្រាស់លុយទាំងនោះ យកទៅដោះស្រាយបញ្ហា ទើបក្រុមប្រទេសអ្នកមាន យល់ព្រមផ្ដល់កញ្ចប់ជំនួយឲ្យទៅពួកគេ៕