កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ និយតករសុវត្ថិភាពស្វ័យប្រវត្តិអាមេរិកបានប្រកាសថា ពួកគេកំពុងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia ដែលបានប្រមូលរថយន្តចូលឃ្លាំងវិញ សរុបប្រមាណ៦,៤លានគ្រឿង ដោយសារបញ្ហាលេចប្រេងហ្វ្រាំង ដែលអាចបង្កជាអគ្គិភ័យបាន។
សារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានបង្ហើបថា ពួកគេកំពុងធ្វើការវាយតម្លៃ ទៅកាន់ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia ចំពោះការសម្រេចចិត្តប្រមូលរថយន្តដ៏ច្រើន ខណៈត្រូវធ្វើឲ្យប្រាកដថា ពួកគេពិតជាអាចគោរពតាមគោលការណ៍សុវត្ថិភាព និងមានដំណោះស្រាយចំពោះភាពធ្វេសប្រហែសកន្លងមក។
ជាមួយគ្នា ក្រុមហ៊ុន Hyundai ក៏បាននិយាយដែរថា ពួកគេស្ម័គ្រចិត្តធ្វើការជាមួយ NHTSA ដោយពេញទំហឹង ដើម្បីអាចធានានូវសុវត្ថិភាពរបស់អតិថិជន និងក្រុមការងារ ព្រោះនេះគឺជាគោលការណ៍សំខាន់បំផុតរបស់ក្រុមហ៊ុន។
សូមជម្រាបដែរថា ក្រុមហ៊ុនយានយន្តកូរ៉េខាងត្បូងទាំង២នេះ បានប្រមែប្រមូលរថយន្តតាំងពីឆ្នាំ ២០១៦ មកម៉្លេះ ជុំវិញបញ្ហាប្រព័ន្ធហ្វ្រាំង និងបញ្ហានានាដែលអាចបង្កជាហានិភ័យ ខណៈគិតត្រឹមខែកញ្ញាកន្លងទៅ ពួកគេប្រមូលរថយន្តបានជាង ៣លានគ្រឿង នៅក្នុងសហរដ្ឋអាមេរិក ដើម្បីយកមកត្រួតពិនិត្យឡើងវិញ៕