ធនាគារពិភពលោក (WB) ថ្មីៗនេះ បានធ្វើការអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាមេរិក ដើម្បីជួយហ្វីលីពីនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការគំរាមកំហែងអាកាសធាតុ ដោយផ្តោតជាពិសេសលើការការពារសាលារៀន គ្រឹះស្ថានសុខាភិបាល និងការតាំងទីលំនៅសម្រាប់ប្រជាជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
WB បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលហ្វីលីពីន អាចទាញយកប្រាក់កម្ចីបានយ៉ាងឆាប់រហ័ស នៅពេលដែលគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសុខភាពកើតឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរយៈពេលវែង។
យោងតាម WB បានបង្ហាញឲ្យដឹងថាប្រហែល ៦០% នៃផ្ទៃដីសរុបរបស់ហ្វីលីពីន និងយ៉ាងហោចណាស់ ៧៤% នៃប្រជាជនហ្វីលីពីន ងាយរងគ្រោះដោយបាតុភូតធម្មជាតិជាច្រើនរួមមានព្យុះទីហ្វុង ការរអិលបាក់ដី ទឹកជំនន់ រលកព្យុះ គ្រោះរាំងស្ងួត ការផ្ទុះភ្នំភ្លើង និងការរញ្ជួយដី។ ហើយគ្រោះមហន្តរាយធម្មជាតិញឹកញាប់នេះ បានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធ រំខានដល់ការផ្តល់សេវាអប់រំ និងសេវាសុខភាពសំខាន់ៗ ក៏ដូចជាបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ធ្វើឱ្យជីវិតគ្រួសារជាច្រើនជួបការលំបាក និងជំរុញឱ្យប្រជាជនធ្លាក់ក្នុងភាពក្រីក្រ។
លោក Ndiame Diop នាយក WB ប្រចាំប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា អត្ថប្រយោជន៍ពិតប្រាកដនៃការគាំទ្រនេះ គឺដើម្បីផ្តល់សេវាសំខាន់ៗយ៉ាងឆាប់រហ័ស ដូចជាការថែទាំសុខភាព ផ្តល់ទីជម្រក និងអាហារ ដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយ ឬព្រឹត្តិការណ៍អាកាសធាតុ។
ជម្រាបជូនផងដែរថា បើតាមសន្ទស្សន៍ហានិភ័យពិភពលោកឆ្នាំ ២០២២ បានបង្ហាញថា ហ្វីលីពីនស្ថិតនៅលំដាប់កំពូល ជាប្រទេសដែលងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយបំផុតនៅលើពិភពលោក៕