ក្នុងខែតុលា ការលក់រថយន្តថ្មីនៅសហភាពអឺរ៉ុបកើនឡើង ១៤,៦% ស្របពេលការលក់រថយន្ត EV កើនឡើងជាង ៣៦%

អន្តរជាតិ

នៅក្នុងខែតុលា ការលក់រថយន្តថ្មី នៅក្នុងសហភាពអឺរ៉ុបបានកើនឡើង ១៤,៦% ដែលត្រូវបានជំរុញមួយផ្នែកដោយសារការកើនឡើងយ៉ាងខ្លាំងនៃការលក់រថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តអគ្គិសនី (Fully electric cars) បានកើនឡើង ៣៦,៣% បើធៀបនឹងឆ្នាំមុន ចំណែកឯការលក់រថយន្តកូនកាត់ (Fully hybrid) ឯណោះវិញ បានកើនឡើងជិត ៣៩% ផងដែរ។

ក្នុងនោះ ACEA ក៏បាននិយាយថា ការលក់រថយន្តអគ្គិសនីនៅក្នុងខែតុលាមានចំនួន ១៤,២% ដោយបានវ៉ាដាច់ការលក់រថយន្តម៉ាស៊ូតជាលើកទីបី។ ហើយបើរាប់ចាប់ពីខែមករា មកដល់ខែតុលា ដែលមានរយៈពេល ១០ ខែនោះ ការលក់រថយន្តអគ្គិសនីបានកើនឡើង ៥៣,១% ឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអឺរ៉ុប បានកើនឡើងការលក់ ៩,៩% នៅក្នុងខែតុលា ចំណែកការលក់ Stellantis បានកើនឡើង ១១,៣% និង Renault កើនឡើង ២៤,៣% ស្របពេលការលក់រថយន្ត Tesla  បានកើនឡើងជិត ១៥០% ដែលស្មើនឹងជិត ១២% នៃការលក់រថយន្តអគ្គិសនីក្នុងសហភាពអឺរ៉ុប។

ម្យ៉ាងវិញទៀត ACEA បាននិយាយថា ចំនួនយានយន្តថ្មីដែលបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើង ១៤,១% ឬស្មើរនឹង ១,០៤ លានគ្រឿងក្នុងខែតុលា៕