ហ្វីលីពីនបើកការល្បាតតាមសមុទ្រ និងផ្លូវអាកាសជាមួយអាមេរិក នៅសមុទ្រចិនខាងត្បូង

អន្តរជាតិ

ការល្បាតតាមដែនសមុទ្រ និងផ្លូវអាកាសរួមគ្នានៅសមុទ្រចិនខាងត្បូង រវាងកងយោធាហ្វីលីពីន និងអាមេរិក បានចាប់ផ្ដើមនាថ្ងៃទី២១ ខែវិច្ឆិកា ខណៈប្រធានាធិបតីហ្វីលីពីន លោក Marcos Ferdinand Jr ហៅវាថា ជាគំនិតផ្ដួចផ្ដើមដ៏មានតម្លៃបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា សេចក្ដីប្រកាសមួយនេះ ធ្វើឡើងចំពេលប្រទេសទាំង២ កំពុងសម្រុករឹតចំណងមិត្តភាពយ៉ាងខ្លាំងនាឆ្នាំនេះ ជាពិសេស​លើវិស័យការពារជាតិ ពោលមូលដ្ឋានកងទ័ពរបស់ហ្វីលីពីន ដែលអាចចូលទៅដល់យោធាអាមេរិក គឺកើនឡើងជិត ២ដងឯណោះ។

ជាមួយគ្នា ការប្រកាសពីការល្បាតរួមគ្នារវាងហ្វីលីពីន និងអាមេរិក ក៏កើតមានឡើងក្រោយពេល លោក Marcos បានបង្ហើបនៅវេទិកាមួយនៅកោះហាវៃថា ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង បច្ចុប្បន្នគឺមានភាពតានតឹងជាងរាល់ដង ដោយសំអាងថា កងយោធាចិន​កាន់តែខិតជិត​ដល់ឆ្នេរសមុទ្រហ្វីលីពីនហើយ។

សូមជម្រាបដែរថា សមុទ្រចិនខាងត្បូង គឺជាតំបន់ដែនទឹកមានជម្លោះធំបំផុតមួយនាពេលបច្ចុប្បន្ន ពោលចិន ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែទាមទារការកាន់កាប់នៅផ្លូវពាណិជ្ជកម្ម ដែលមាននាវា​នាំចេញនាំចូលទំនិញ សរុបជាទឹកប្រាក់ប្រហែល ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ៕