ក្រុមហ៊ុនខ្នាតយក្សចិន Baidu បានប្រកាសកាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ប្រាក់ចំណូលត្រីមាសទី៣ របស់ពួកគេ មានកំណើនច្រើនជាងការរំពឹងទុក ប្រមាណ ៤,៧២ពាន់លានដុល្លារ ដោយសារទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មច្រើនជាងមុន។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ប្រាក់ចំណូលរបស់ Baidu គិតចន្លោះពីខែមិថុនា ដល់ខែកញ្ញា មានចំនួន ៣៤,៤៥ពាន់លានយ៉ន់ (៤,៧២ពាន់លានដុល្លារ) ខ្ពស់ជាងការសន្និដ្ឋានទុកពីវិទ្យាស្ថាន LSEG ដែលធ្លាប់ព្យាករណ៍មានត្រឹម ៣៤,៣៣ពាន់លានយ៉ន់។
ក្រុមហ៊ុន Baidu ក៏បានបង្ហាញពីប្រាក់ចំណេញប្រចាំត្រីមាស ប្រមាណ ៦,៦៨ពាន់លានយ៉ន់ផងដែរ ខណៈបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពួកគេធ្លាប់ខាតបង់ប្រហែល ១៤៦លានយ៉ន់។
ជាមួយគ្នា កំណើននៃប្រាក់ចំណូលរបស់ក្រុមហ៊ុនចិន ក៏បានបង្ហាញពីសញ្ញាណនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចនៃប្រទេសចិនផងដែរ ខណៈកាលពីដើមខែនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានដាក់ក្ដីរំពឹងថា សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ចិន នឹងកើនឡើងរហូតដល់ ៥,៤% ខ្ពស់ជាងគោលដៅដែលចង់បានត្រឹម ៥% ថែមទៀត៕