មហាសេដ្ឋី Jeff Bezos គ្រោងលក់ចេញភាគហ៊ុនតម្លៃជាង ១ពាន់លានដុល្លារបន្ថែមទៀត ក្នុងក្រុមហ៊ុន Amazon

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Jeff Bezos ត្រូវបានគេរំពឹងថា នឹងបន្តដកចេញភាគហ៊ុនរបស់ខ្លួនបន្ថែមទៀត នៅក្នុងក្រុមហ៊ុន Amazon បន្ទាប់ពីលោកបានលក់ចេញភាគហ៊ុន ដែលមានតម្លៃប្រហែល ២៤០លានដុល្លារ កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក Bezos អាចនឹងលក់ភាគហ៊ុនចន្លោះពី ៨ ទៅ ១០លានហ៊ុន ដែលស្មើទៅនឹងចំនួនទឹកប្រាក់ជាង ១ពាន់លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការលក់ភាគហ៊ុនចុងក្រោយនេះ អ្នកតំណាងរបស់លោក Bezos មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំឲ្យមានការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ចំពេលដែលតម្លៃភាគហ៊ុនរបស់ Amazon បានធ្លាក់ចុះទាបជាង ២,៥% កាលពីថ្ងៃអង្គារកន្លងទៅ។

បន្ទាប់ពីបានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ Amazon លោក Bezos បាននិងកំពុងបន្តដកចេញភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ដើម្បីផ្តល់មូលនិធិទៅកាន់ក្រុមហ៊ុនអវកាល Blue Origin ជំនួសវិញ។

ជម្រាបជូនផងដែរថា កាលពីដើមខែនេះ លោក Bezos បាននិយាយថាលោកកំពុងផ្លាស់ទៅរស់នៅទីក្រុង Miami វិញ ដើម្បីបាននៅជិតឪពុកម្តាយរបស់លោក និងផ្តោតទៅលើស្ថានីយអវកាសរបស់ក្រុមហ៊ុន Blue Origin ៕​