កាលពីថ្ងៃអង្គារ មន្ត្រីអនុវត្តច្បាប់មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានរួមកម្លាំងដើម្បីចាប់ផ្តើមបេសកកម្មល្បាតរួមគ្នា តាមដងទន្លេមេគង្គលើកទី ១៣៥ ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងាររដ្ឋចិន Xinhua ។
នាវាអនុវត្តច្បាប់ដែលជាកម្មសិទ្ធរបស់ចិនចំនួនពីរគ្រឿង បានចាកចេញពីកំពង់ផែ Guanlei ក្នុងតំបន់ស្វយ័ត Xishuangbanna Dai ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន នាម៉ោង ៨ ព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។
ជាមួយគ្នានោះ កងនាវានៃកងកម្លាំងអនុវត្តច្បាប់ចំនួនប្រាំពីរ មកពីប្រទេសចំនួន ៤ ត្រូវបានបញ្ជូនទៅប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនប្រភេទនៅអាងទន្លេមេគង្គ ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងអំឡុងពេលដើរល្បាតនោះ ក្រុមការងារចម្រុះមកពីប្រទេសទាំងបួននឹងធ្វើសមយុទ្ធស្វែងរក ព្រមទាំងជួយសង្គ្រោះនៅតាមដងទន្លេក្នុងទីក្រុង Muang Mo នៃប្រទេសឡាវ ដើម្បីស្វែងយល់ពីវិធីសាស្ត្រដោះស្រាយស្ថានភាពអាសន្នណាមួយ ប្រកបដោយប្រសិទ្ធភាព ស្របពេលអាជ្ញាធរចិនក៏នឹងបញ្ជូនក្រុមគ្រូពេទ្យ ទៅផ្តល់ការព្យាបាលដោយឥតគិតថ្លៃផងដែរ។
ជម្រាបផងដែរថា ទន្លេមេគង្គ ត្រូវបានគេស្គាល់ថាជាទន្លេ Lancang នៅក្នុងប្រទេសចិន។ ទន្លេនេះគឺជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ មួយវិញទៀត ប្រទេសទាំងបួនដែលរួមមានចិន ឡាវ មីយ៉ាន់ម៉ា និងថៃត្រូវបានអនុវត្តការល្បាតរួមគ្នាតាមដងទន្លេមេគង្គ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១១ មកម្លេះ៕