ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយពន្ធនាំចូលលើទំនិញចំនួន ៧៦ មុខនាឆ្នាំ ២០២៤ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការប្រកួតប្រជែងឧស្សាហកម្ម និងគ្រប់គ្រងអតិផរណា។ នេះបើតាមការចុះផ្សាយពីប្រភពទីភ្នាក់ងារសារព័ត៌មាន Xinhua ។
អត្រាពន្ធទាបនឹងត្រូវបានអនុវត្តចំពោះផលិតផលឧស្សាហកម្ម និងអាហារចំនួន ៧៦ មុខចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ក្រោមប្រព័ន្ធពន្ធគយរបស់ប្រទេស ដែលរដ្ឋាភិបាលកែសម្រួលអត្រាពន្ធមូលដ្ឋានលើទំនិញនាំចូល ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងឧស្សាហកម្ម និងស្ថិរភាពតម្លៃ។
ម្យ៉ាងវិញទៀត កម្មវត្ថុនៃពន្ធនាំចូលទាបនឹងតម្រូវលើផលិតផលចំនួន ១៩ មុខនៅក្នុងឧស្សាហកម្មរីកចម្រើនថ្មី ព្រមទាំងសម្ភារៈប្រើប្រាស់សម្រាប់ផលិតឈីប អាគុយ អ៊ីដ្រូសែន ក៏ដូចជា ១៨ មុខទំនិញទៀត ទាក់ទងទៅនឹងឧស្សាហកម្មរថយន្ត ដែក និងគីមី។
មិនត្រឹមតែប៉ុណ្ណោះ មានទំនិញ ១៨ មុខផ្សេងទៀតដែលរួមមានដូចជា ស្ករ សណ្ដែក ពោត កាហ្វេ សាច់មាន់ ឧស្ម័នធម្មជាតិ ក៏ដូចជាប្រេងឆៅជាដើមនោះ នឹងត្រូវបានបញ្ចូលក្នុងបញ្ជីពន្ធទាប ដើម្បីជួយទប់ស្កាត់អតិផរណាផងដែរ។
ជាមួយគ្នានេះដែរ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក ក្រសួងនឹងដំឡើងពន្ធនាំចូលលើមុខទំនិញស្រស់ៗចំនួន ១៣មុខរួមមាន អង្ករចំហុយ បង្គាអំបិល និងផ្សិតស៊ីអ៊ីតជាដើម៕