កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនទស្សនាវដ្ដី Forbes Media លោក Mike Federle បានប្រាប់ទៅកាន់បុគ្គលិកថា ក្រុមហ៊ុនមេរបស់ Forbes បានសម្រេចលុបចោលនូវប្រតិបត្តិការលក់ ជាមួយមហាសេដ្ឋីវ័យក្មេង Austin Russell ហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន PressGazette បានបង្ហាញថា ក្រុមវិនិយោគដឹកនាំដោយមហាសេដ្ឋីអាមេរិកម្នាក់នេះ បរាជ័យក្នុងការបង់ប្រាក់តាមថ្ងៃកំណត់ ជាមួយក្រុមហ៊ុន Forbes ប្រមាណ ៨០០លានដុល្លារ ដែលធ្វើឲ្យកិច្ចព្រមព្រៀងត្រូវបានលុបចោល។
ជាមួយគ្នា លោក Federle បាននិយាយថា ការលុបចោលនៃកិច្ចព្រមព្រៀងមួយនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយ ប៉ុន្តែក្រុមហ៊ុននៅតែប្រកាន់ជំហររឹងមាំ និងធ្វើឲ្យក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ កាន់តែតម្លៃលើសមុនថែមទៀត។
គួររំលឹកបន្តិចថា កាលពីពាក់កណ្ដាលខែឧសភា មហាសេដ្ឋីវ័យក្មេង Austin Russell ធ្លាប់បានបង្ហើបថា លោកមានបំណងទិញយកភាគហ៊ុន Forbes ដើម្បីក្លាយជាអ្នកសម្រេចចិត្តធំប្រចាំក្រុមហ៊ុន ពោលបើសិនជាកិច្ចព្រមព្រៀងតម្លៃ ៨០០លានដុល្លារនេះ អាចជោគជ័យ នោះលោកនឹងកាន់កាប់ភាគហ៊ុនសរុប ៨២% នៅក្រុមហ៊ុន Forbes Global Media Holdings។
យ៉ាងណា បច្ចុប្បន្នកិច្ចព្រមព្រៀងមួយនោះត្រូវបានលុបចោល ខណៈបច្ចុប្បន្នម្ចាស់ក្រុមហ៊ុន ដែលមានអាយុកាល ១០៦ឆ្នាំ គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង ឈ្មោះថា Integrated Whale Media Investments ដែលបានទិញយកភាគហ៊ុនក្រុមហ៊ុន Forbes ប្រមាណ ៩៥% តាំងពីឆ្នាំ២០១៤៕