កាលពីថ្ងៃទី២២ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក Luis Lacalle Pou ដោយភាគីទាំងសងខាង បានឯកភាពលើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ជំនួបរវាងមេដឹកនាំទាំង២ ធ្វើឡើងនៅទីក្រុងប៉េកាំង ខណៈលោក ស៊ី និងលោក Luis សុទ្ធតែប្រាថ្នា ចង់បានកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយ រវាងប្រទេសទាំង២នេះ។
“បច្ចុប្បន្ននេះ ការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ កំពុងក្លាយជាការឯកភាពគ្នាកាន់តែខ្លាំងឡើង នៅក្នុងប្រទេសរបស់យើងទាំងពីរ ហើយខ្ញុំពិតជាមានក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការប្រកាសពីការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដ៏មានប្រសិទ្ធភាពមួយនេះ”។ នេះបើតាមសម្ដីរបស់មេដឹកនាំចិន បានប្រាប់ទៅកាន់លោក Luis នៅឯមហាវិមានប្រជាជន។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបានព្យាយាមរឹតចំណងមិត្តភាព ជាមួយប្រទេសកំពុងមានទីផ្សាររីកលូតលាស់ នៅប៉ែកអាមេរិកខាងត្បូង ដើម្បីធានាបាននូវការនាំចូលវត្ថុធាតុដើម រាប់បញ្ចូលទាំងគ្រាប់ធញ្ញជាតិ និងប្រេង សម្រាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចរបស់ខ្លួន៕