ក្រុមហុនអាកាសចរណ៍ថៃ ហៅកាត់ AoT បានកត់ត្រាពីប្រាក់ចំណេញរបស់ខ្លួនឡើងវិញ នៅក្នុងចំនួន ៨,៧៩ពាន់លានបាត (២៤៩,៦លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ នេះ បើធៀបទៅនឹងការខាតបង់ចំនួន ១១,០៩ពាន់លានបាត កាលពីឆ្នាំសារពើពន្ធ ២០២២ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
នាយកប្រតិបត្តិក្រុមហ៊ុន AoT លោក Kirati Kitmanawat បាននិយាយកាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅថា អាកាសយានដ្ឋានធំៗទាំង៦ ដែលដំណើរការដោយ AoT បានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរ សម្រាប់ឆ្នាំសារពើពន្ធរបស់ខ្លួន ដែលទើបតែនឹងបានបញ្ចប់ទៅ ខណ:ពេលដែលវិស័យអាកាសចរណ៍ និងទេសចរណ៍ បានចាប់ផ្តើមងើបឡើងវិញ។
គួរឱ្យដឹងថា AoT ប្រតិបត្តិការលើអាកាសយានដ្ឋានធំៗនៅក្នុងប្រទេស ដូចជាអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿន ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ។
នៅក្នុងឆ្នាំសារពើពន្ធ ២០២៣ ដែលគិតចាប់ពីខែតុលា ដល់ចុងខែកញ្ញា អាកាសយានដ្ឋានទាំង៦ ខាងលើ បានបម្រើជើងហោះហើរសរុបចំនួន ៦៣៩ ៨៩១ ពោលគឺបានកើនឡើង ៦២,២២% ដែលមានអ្នកដំណើរសរុបចំនួន ១០០,០៦ លាននាក់ កើនឡើង ១១៤,៣១% ខណ:ពេលដែលលោក Kirati សង្ឃឹមថាចំនួនអ្នកដំណើរនឹងបន្តកើនឡើងដល់ចំនួន មុនពេលមានជំងឺរាតត្បាតកូវីដ-១៦ ក្នុងចំនួន ១២០ លាននាក់ នៅឆ្នាំ ២០២៤ ខាងមុខ។
ជម្រាបជូនផងដែរថា ចាប់តាំងពីគម្រោងទិដ្ឋាការសេរីរបស់រដ្ឋាភិបាល បានដាក់ចេញមក ចំនួនអ្នកដំណើរបានកើនឡើងពី ១៣ ០០០ នាក់ ទៅ ១៦ ០០០ នាក់ក្នុងមួយថ្ងៃសម្រាប់ភ្ញៀវទេសចរចិន និងពី ២៣០ នាក់ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ សម្រាប់ជនជាតិកាហ្សាក់ស្ថាន និងពី ៥ ០០០ ទៅ ៦ ០០០ នាក់ ក្នុងមួយថ្ងៃសម្រាប់ជនជាតិឥណ្ឌា ខណ:ពី ៣ ០០០ នាក់ ទៅ ៤ ៥០០ នាក់ក្នុងមួយថ្ងៃសម្រាប់ភ្ញៀវទេសចរតៃវ៉ាន់៕