មេអង្គភាពប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី ជាប់សង្ស័យពាក់ព័ន្ធករណីពុករលួយ

អន្តរជាតិ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ KPK លោក Firli Bahuri ត្រូវបានក្រុមប៉ូលិស កំណត់អត្តសញ្ញាណជាជនសង្ស័យ ទាក់ទងនឹងករណីពុករលួយ នៅក្នុងក្រសួងកសិកម្ម​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា ក្រុមប៉ូលិសអះអាងថា មានភ័ស្តុតាងគ្រប់គ្រាន់ សម្រាប់ចោទប្រកាន់លោក Firli ដោយមានឯកសារបញ្ជាក់​ពីចំនួនទឹកប្រាក់ប្រមាណ ៧,៤ពាន់លានរូពី ឬប្រហែល ៤៧៧ ៧៣០ដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតមួយនេះ។

ប៉ូលិសថែមទាំងអះអាងទៀតថា ទឹកប្រាក់មួយចំនួនធំខាងលើនេះ គឺលោក Firli បានយកចេញ​ពីក្រសួងកសិកម្មឥណ្ឌូណេស៊ី ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខណៈមកទល់ពេលនេះ ប៉ូលិសបាន​សាកសួរមនុស្ស ៩១នាក់ ដែលជាសាក្សីក្នុងសំណុំរឿង ដែលបានបើកកាលពីខែតុលា។

សូមជម្រាបដែរថា បើសិនជាលោក Firli ពិតជារកឃើញថា បានប្រព្រឹត្តករណីពុករលួយមែន លោកនឹងប្រឈមជាមួយការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត តាមច្បាប់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី៕