ភាគហ៊ុននៅក្នុងក្រុមហ៊ុនអភិវឌ្ឍអលចនទ្រព្យខ្នាតយក្សរបស់ចិន បានកើនឡើងដល់ជាង ១៧% កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីមានសញ្ញាថារដ្ឋាភិបាលចិន កំពុងបន្តរៀបចំផែនការជាក់ស្តែងបន្ថែមទៀត សម្រាប់វិស័យអលចនទ្រព្យក្នុងប្រទេស ដែលធ្លាក់ចូលវិបត្តិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន Country Garden ត្រូវបានគេចាត់ទុកថាជាបងធំមួយ នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលធ្ងន់ធ្ងរបំផុត ដោយក្នុងខែមិថុនាកន្លងទៅ ចំនួនបំណុលរបស់ពួកគេបានកើនឡើងដល់ចំនួន ១,៣៦ទ្រីលានយ៉ន់ (១៩១ពាន់លានដុល្លារ) ឯណោះ។
យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធកន្លងទៅថា Country Garden គឺស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចំនួន ៥០ ផ្សេងទៀត ដែលនឹងមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ពីសំណាក់រដ្ឋាភិបាលចិន។
សារព័ត៌មាន Bloomberg បានបន្តទៀតថា បញ្ជីឈ្មោះនេះ ត្រូវបានជ្រើសរើសឡើងដោយនិយតករចិន ដោយក្នុងនោះរួមមានក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យឯកជន និងរដ្ឋ ជាការបម្រុងទុក ដើម្បីណែនាំដល់ធនាគារ ក្នុងការពិចារណាលើការផ្តល់មូលនិធិសម្រាប់ក្រុមហ៊ុនទាំងតាមរយៈយន្តការផ្សេងៗគ្នា។
ជម្រាបជូនផងដែរថា ក្នុងរយ:ពេលប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរចិន បាននិងកំពុងដាក់ចេញវិធានការគាំទ្រជាច្រើន ដើម្បីដោះស្រាយវិបត្តិបំណុលដែលកំពុងកើនឡើង ហើយជាពិសេសគឺបានគំរាមកំហែងឆ្លងដល់វិស័យផ្សេងទៀត ក្នុងសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងធ្លាក់ចុះ៕