ទីផ្សារថយន្តអគ្គិសនី នៅតំបន់អាស៊ាន ទំនងជាកើនដល់ ២,៧ពាន់លានដុល្លារ នៅឆ្នាំ ២០២៧

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Tengku Zafrul Abdul Aziz បាននិយាយថា ទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ាន ត្រូវបានគេព្យាករថា អាចនឹងឈានដល់ ២,៧ពាន់លានដុល្លារ នៅឆ្នាំ ២០២៧ ពោលគឺនឹងកើនឡើង ៥ដង បើធៀបនឹងឆ្នាំ ២០២១។ នេះបើមតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅឯកម្មវិធី E-Mobility Asia 2023 ដែលធ្វើនៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក Zafrul បាននិយាយថា ម៉ាឡេស៊ីមានគុណសម្បត្តិខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់បន្ថែមទៀត ដោយសារការអភិវឌ្ឍប្រព័ន្ធអេកូមានភាពទូលំទូលាយ សម្រាប់ឧស្សាហកម្មរថយន្ត EV និងរថយន្តជំនាន់ថ្មីៗ។

គួរឲ្យដឹងផងដែរថា ម៉ាឡេស៊ី បានកំណត់គោលដៅធ្វើ​ឲ្យមានរថយន្ត EV និងរថយន្តប្រភេទ hybrid ចំនួន ២០% នៃការលក់រថយន្តថ្មីសរុប នៅឆ្នាំ ២០៣០ , ៥០% នៅឆ្នាំ ២០៤០ និង ៨០% នៅឆ្នាំ ២០៥០។

ទន្ទឹមនឹងនេះ លោក Zafrul ក៏បានសម្តែងក្តីសង្ឃឹមក្នុងការសហការជាមួយប្រទេសសមាជិកអាស៊ានដូចជាថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូនេស៊ី ដើម្បីបំពេញបន្ថែមនូវភាពរឹងមាំរបស់គ្នាទៅវិញទៅមក និងទាញយកទុនលើសង្វាក់ផ្គត់ផ្គង់ ដើម្បីផ្លាស់ប្តូរទៅរកការប្រើប្រាស់តែរថយន្តអគ្គិសនី នៅក្នុងតំបន់ទាំងមូល៕