រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន គ្រោងជួបពិភាក្សាគ្នានៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃអាទិត្យសប្ដាហ៍នេះ ខណៈវាគឺជាលើកដំបូង ដែលប្រទេសទាំង៣ បើកកិច្ចប្រជុំត្រីភាគី ក្នុងរយៈពេល ៤ឆ្នាំមកនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា កិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសប្រទេសទាំង៣ នឹងធ្វើឡើងនៅទីក្រុងប៊ូសាន ខណៈពួកគេអះអាងថា កិច្ចប្រជុំសារនេះ នឹងអាចជាការបើកផ្លូវ សម្រាប់មេដឹកនាំប្រទេសទាំង៣ ជួបមុខគ្នាផ្ទាល់លើតុតែមួយ នាពេលឆាប់ៗខាងមុខ។
ក្រៅពីកិច្ចប្រជុំផ្លូវការត្រីភាគី រដ្ឋមន្ត្រីការបរទេសនៃប្រទេសនីមួយៗ ក៏នឹងបើកកិច្ចប្រជុំទ្វេភាគីរៀងៗខ្លួនផងដែរ ខណៈកូរ៉េខាងត្បូង និងជប៉ុន អាចនឹងជជែកពីការរឹតបន្តឹងលើកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង២។
សូមជម្រាបបន្ថែមថា ប្រទេសទាំង៣នេះ ធ្លាប់បានព្រមព្រៀងគ្នា បើកកិច្ចប្រជុំត្រីភាគីប្រចាំឆ្នាំ តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែវាត្រូវបានផ្អាកវិញ ក្រោយផ្ទុះជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យពួកគេខកខានកិច្ចប្រជុំត្រីភាគីអស់រយៈពេល ៤ឆ្នាំ៕