យោងតាមគយវៀតណាមបានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាមបានចំណាយប្រាក់សរុបចំនួន ៤,២៧ ពាន់លានដុល្លារលើការនាំចូលចំណីសត្វ និងវត្ថុធាតុដើម នារយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ខណៈចំនួននេះបានធ្លាក់ចុះ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមប្រភពពីសារព័ត៌មាន Vietnam Plus បានបង្ហាញឲ្យដឹងថា ត្រឹមរយៈពេលមួយខែនៃខែតុលា តម្លៃនៃការនាំចូលបានកើនឡើងដល់ទៅ ៤៥១,៥ លានដុល្លារអាមេរិក ឬស្មើរនឹងការកើនឡើង ៧,៥% ពីមួយខែទៅមួយខែ និង ១២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយនឹងទឹកប្រាក់ ១,២១ ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុងខែមករាដល់ខែតុលា អាហ្សង់ទីនជាប្រទេសដែលនាំចេញចំណីសត្វ និងវត្ថុធាតុដើមដ៏ធំបំផុតរបស់វៀតណាម ដោយស្មើនឹង ២៨,២% នៃតម្លៃនាំចូលសរុបរបស់ប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ខណៈតាមពីក្រោយដោយប្រស៊ីលដែលមាន ១៩,១% ស្របពេលអាមេរិកមានការនាំចូលទៅវៀតណាម ១៤,១% ផងដែរ។
ដោយឡែក នៅអំឡុងខែមករាដល់ខែតុលាដូចគ្នានោះ វៀតណាមបានចំណាយប្រាក់អស់ ២៦១ លានដុល្លារអាមេរិក ដើម្បីទិញចំណីសត្វ និងវត្ថុធាតុដើម ពីទីផ្សារអាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែវាបានធ្លាក់ចុះ ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ៕