ធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីពេលថ្មីៗនេះ បានអនុម័តប្រាក់កម្ចីគោលនយោបាយចំនួន ៥០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
តាមរយ:ការផ្តល់កម្ចីនេះ ADB បានបង្ហាញថាខ្លួនមានភាពជាដៃគូយូរអង្វែង ក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។
ADB បាននិយាយទៀតថា កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញផ្នែកឌីជីថលនៃប្រព័ន្ធ PFM រួមទាំងការពង្រឹងសវនកម្មខាងក្នុង និងខាងក្រៅ គឺស្ថិតក្នុងចំណោមវិធានការកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការត្រួតពិនិត្យលើការចំណាយសាធារណៈ។
នាយក ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានទទួលស្គាល់ថា កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ គឺបានឆ្លើយតបទៅនឹងឧបសគ្គនៃការអភិវឌ្ឍដែលកំណត់ដោយរដ្ឋាភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ ហើយកំណែទម្រង់ទាំងនេះ នឹងជួយលើកកំពស់សមត្ថភាពអនុវត្តរបស់ក្រសួងជាច្រើន៕