មហាសេដ្ឋីអាមេរិក Charlie Munger ទទួលមរណភាព ក្នុងវ័យ ៩៩ឆ្នាំ

អន្តរជាតិ

មហាសេដ្ឋីអាមេរិក និងជាមិត្តសម្លាញ់របស់បិតាវិនិយោគិន Warren Buffett លោក Charlie Munger បានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងវ័យ ៩៩ឆ្នាំ ខណៈមូលហេតុនៃ​ការ​ស្លាប់របស់លោក មិនត្រូវបានគេទម្លាយជាសាធារណៈឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Berkshire Hathaway ដែលលោក Munger ធ្លាប់កាន់តំណែងជាអនុប្រធានក្រុមហ៊ុន បាននិយាយនៅក្នុងសន្និសីថសារព័ត៌មានថា លោក Munger បានទទួលអនិច្ចកម្ម ដោយគ្មានការឈឺចាប់អ្វីឡើយ នាព្រឹកថ្ងៃអង្គារ នៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា។

រំលឹកពីប្រវត្តិរបស់លោក Charlie Munger បន្តិច លោកកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩២៤ នៅទីក្រុង Omaha រដ្ឋ Nebraska ប៉ុន្តែដោយសារសម័យនោះ ជាសម័យសង្គ្រាមលោកលើកទី២ លោកបានបោះបង់ការសិក្សានៅសកលវិទ្យាល័យ University of Michigan ក្នុងឆ្នាំ១៩៤៣ ត្រឹមអាយុ ១៩ឆ្នាំ និងបានចូលបម្រើកងទ័ព។

ក្រោយចប់សង្គ្រាម លោកបានចូលរៀនវិញនៅសកលវិទ្យាល័យ Harvard Law School និងបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៤៨ ហើយនៅឆ្នាំ ១៩៥៩ លោកបានជួបជាមួយមហាសេដ្ឋី Warren Buffett អំឡុងពេលលោកចូលរួមបុណ្យសពឪពុក ហើយបុរសទាំង២នេះ បានបង្កើតមិត្តភាពដ៏ល្អឥតខ្ចោះមួយភ្លាមៗ។

លោក Munger បានចូលរួមជាផ្លូវការជាមួយក្រុមហ៊ុន Berkshire Hathaway ក្នុងនាមជាអនុប្រធាន តាំងពីឆ្នាំ១៩៧៨ ខណៈមនុស្សគ្រប់គ្នាបានដាក់រហស្សនាមឲ្យលោកថា ជាដៃស្ដាំរបស់​បិតាវិនិយោគិន Warren Buffett។

គួររំលឹកបន្ថែមថា កាលពីឆ្នាំ២០២១ ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway បានប្រាប់ទៅកាន់​សារព័ត៌មាន CNBC ថា នៅពេលដែលលោកបានជួបជាមួយលោក Munger ភ្លាម លោកដឹងភ្លាមថា លោក Munger គឺជាមនុស្សម្នាក់ដែលលោកត្រូវតែរាប់អាន ដោយសារ​ចរិតរបស់អ្នកទាំង២ គឺដូចគ្នាស្ទើរតែទាំងស្រុង។

ជម្រាបបន្ថែមថា គេហទំព័រ Forbes បានបង្ហាញពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Charlie Munger ដែលមានប្រមាណ ២,៧ពាន់លានដុល្លារ កាលពីសប្ដាហ៍មុន៕