ការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះសម្រាប់កម្មវិធីពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ ត្រូវបានបញ្ចប់ ដោយទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ខណៈកូរ៉េខាងត្បូងនិងអ៊ីតាលី បង្ហាញការខកចិត្តជាខ្លាំង។
ភ្នាក់ងារតំណាងប្រទេសអ៊ីតាលីបាននិយាយថា វាគឺជាការខកចិត្តជាខ្លាំង នៅពេលដែលអារ៉ាប៊ីសាអូឌីត ទទួលបានជ័យជម្នះដែលនឹកស្មានមិនដល់បែបនេះ ខណៈខាងកូរ៉េខាងត្បូងក៏បានបង្ហាញការខូចចិត្តដូចគ្នា ដោយបញ្ជាក់ថា ពួកគេព្យាយាមចរចាជាមួយដៃគូនានា ទាំងបែបឯកជន និងសាធារណៈ ប៉ុន្តែលទ្ធផលមិនដូចជាការគិតរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។
រំលឹកបន្តិចថា សម្រាប់ការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ទីក្រុងរីយ៉ាដទទួលបានសម្លេងគាំទ្រ ១១៩ ទីក្រុងប៊ូសានបាន ២៩សម្លេង និងទីក្រុងរ៉ូម បានត្រឹម ១៧សម្លេងប៉ុណ្ណោះ ពីសមាជិក ១៨២ប្រទេស។
ជម្រាបបន្ថែមថា ព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ គឺជាឱកាសមាសឱកាសប្រាក់ សម្រាប់ប្រទេសជាម្ចាស់ផ្ទះ អូសទាញភ្ញៀវទេសចរណ៍រាប់លាននាក់ និងគម្រោងវិនិយោគ រាប់ពាន់លានដុល្លារ ខណៈអារ៉ាប៊ីសាអូឌីត ក៏ធ្លាប់ទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក Qatar World Cup កាលពីឆ្នាំទៅ ដែលមានអ្នកចូលរួមទស្សនារាប់លាននាក់ផងដែរ៕